ព្រះជាម្ចាស់បានបង្ហាញចម្ការផ្លែប៉ោម ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា វាជារបស់ខ្ញុំតាមរយៈសុបិន្ដ

នាងខ្ញុំឈ្មោះ ណុប វណ្ណារី មានអាយុ ៣៤ឆ្នាំ ជាអ្នកជឿលើព្រះយេស៊ូវចាប់តាំងពីឆ្នាំ២០០០ ព្រមទាំងគ្រួសាររបស់ខ្ញុំក៏ជឿលើព្រះយេស៊ូវដែរ។ សព្វថ្ងៃនេះខ្ញុំរៀបការហើយមានកូន២នាក់ ស្រីម្នាក់ បុ្រសម្នាក់ ប្ដីរបស់ខ្ញុំ ជាជនជាតិកូរ៉េ ដែលមានមុខរបធ្វើចម្ការប៉ោម ពួកយើងឥឡូវកំពុងរស់នៅ ប្រទេសកូរ៉េ។ ខ្ញុំចង់ចែកចាយ អំពីជីវិតរបស់ខ្ញុំ ដល់ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនទាំង អស់គ្នា ដែលព្រះដឹកនាំជីវិតរបស់ខ្ញុំខ្លះៗតាំងពីមុនរៀបការ រហូត ​ដល់ពេលនេះ ដោយសារការដឹកនាំ របស់ព្រះធ្វើឱ្យជីវិតរបស់ខ្ញុំផ្លាស់ប្ដូរបន្ដិចម្ដងៗ ពេលមុន ខ្ញុំគ្រាន់តែជាក្មេងម្នាក់ លេងសើចច្រើន មិនមានការយល់ដឹងថា ជីវិតត្រូវរស់នៅ បែបណានោះទេ គឺ គិតតែសប្បាយ ធ្វើអ្វីមិនប្រាកដវិជ្ជាដែល តែនៅពេលព្រះយេស៊ូវ ហៅខ្ញុំមកចូលក្នុងក្រុមចៀងសរសើរដំកើងព្រះ នៅក្នុងព្រះវិហារ ពេលនោះ ធ្វើឱ្យខ្ញុំមានការតស៊ូ ខិតខំច្រៀង រាំ សរសើរដំកើងព្រះ មិនតែប៉ុណ្ណោះទេ ខ្ញុំក៏បានដុះគំនិត ចង់បង្កើត ក្បាច់រាំ សម្រាប់ក្រុមយុវជន និង កុមារ បើតាមចំណេះ របស់ខ្ញុំមិនអាចធ្វើបានទេ គឺខ្ញុំបានប្រើ ពេលស្ងៀមស្ងាត់ ដោយផ្ទាល់ខ្លួនអធិស្ឋានទៅកាន់ព្រះ ក្រោយមក ខ្ញុំក៏អាចធ្វើបាន ហើយខ្ញុំមានអំណរ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ខ្ញុំគិតថា តាមសមត្ថភាពរបស់ខ្ញុំមិនអាចធ្វើបានទេ ក្រោយពី ខ្ញុំខិតខំធ្វើជាច្រើនមក ខ្ញុំបានទទួលការប្រើពីព្រះ តាមរយៈ លោកគ្រូគង្វាល គាត់ អោយខ្ញុំធ្វើជា អ្នកដឹកនាំ ក្នុងព្រះវិហារមួយ។ ព្រះវិហារនោះមានឈ្មោះថា (ព្រះវិហារសេចក្ដីសុខសាន្ដ បឹងឈូក) មុនដំ​​បូងខ្ញុំបានប្រកែកមិនធ្វើទេ ព្រោះ ខ្ញុំ គ្មានចំណេះដឹង ធ្វើការងារដ៏ធំនោះបានទេ ពីព្រោះ ខ្ញុំដឹងខ្លួនថា ការងារនោះមិនងាយស្រួលឡើយ មួយខែក្រោយ លោកគ្រូគង្វាលក៏ អធិប្បាយមកកាន់ខ្ញុំ នៅព្រះគម្ពីរ (១ធីម៉ូថេ៤៖១២-១៣) ១២ កុំ​ឲ្យ​អ្នក​ណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ ១៣ ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន និង​បង្រៀន​គេ ដរាប​ដល់​ខ្ញុំ​មក។ ពេលលោកគ្រូគង្វាលចែកចាយចប់ខ្ញុំក៏ព្រមទទួល តាមរយៈព្រះបន្ទូលនេះ ខ្ញុំជឿថា បងប្អូនទាំងអស់គ្នា ក៏អាចធ្វើបានដែរ ដោយសារព្រះគង់នៅជាមួយ និងយើងទ្រង់នឹងឱ្យយើងចេះធ្វើទាំងអស់បាន។ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមខិតខំធ្វើការងារជាអ្នកដឹកនាំនោះជាមួយ និងសេចក្ដីអធិស្ឋានដោយទឹកភ្នែក។ ថ្ងៃមួយ ខ្ញុំមានបទពិសោធចម្លែកណាស់ មានអារក្សចូលសមាជិកក្រុមជំនុំម្នាក់ នៅថ្ងៃអាទិត្យមុនពេលថ្វាយបង្គំ នៅក្នុងព្រះវិហារ ពេលនោះ ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំបានអធិស្ឋានទៅកាន់ព្រះយេស៊ូវដោយជំនឿថា ព្រះយេស៊ូវ នឹងដេញអារក្សចេញពីគាត់នោះទៅ អរព្រះគុណព្រះអម្ចាស់មួយអាទិត្យក្រោយទៀត គ្រួសាររបស់ខ្ញុំបានទៅលេងគ្រួសាររបស់គាត់ ដែលអារក្សសាតាំងចូលថ្ងៃមុននិង ពេលទៅដល់ និយាយជាមួយគាត់បានតែពីរ រឺ បីមាត់ ក៏លឺគាត់ស្រែកឱ្យពួកយើងថា ជួយខ្ញុំផង ជួយខ្ញុំផង ក្រោយមក គាត់ក៏ប្រកាច់ ពួកយើងក៏ចាប់គាត់ អធិស្ឋានទៅកាន់ព្រះយេស៊ូវ អស់រយៈពេល ប្រហែល ៥ ទៅ ៧នាទី អារក្សចេញពីគាត់ទៅ ហើយក្រោយមកទៀត អារក្សលែងចូលគាត់ រហូតមក ដល់សព្វថ្ងៃ មុនគាត់មិនទាន់ជឿលើព្រះយេស៊ូវ អារក្សតែងតែចូលកាច់គាត់ ការនេះធ្វើឱ្យ គាត់ពិបាកនិងរស់ ដោយអំណរណាស់ តែឥឡូនេះ គាត់និងគ្រួសាររបស់គាត់បានរស់នៅដោយអំណរ ហើយរៀងរាល់ថ្ងៃអាទិត្យ ពួកគាត់តែងតែទៅថ្វាយបង្គំព្រះយេស៊ូវ។ គ្រាន់តែបងប្អូនមានជំនឿ លើព្រះយេស៊ូវ អាចអធិស្ឋានដេញអារក្សបានហើយ អារក្សក៏មិនអាចធ្វើអ្វី យើងបានដែរ ដោយសារយើងជារបស់ផងព្រះយេស៊ូវ។ ក្រោយមកទៀត ខ្ញុំក៏បានចូលរៀនសាលាព្រះគម្ពីរ៣ ឆ្នាំ។ ថ្ងៃមួយ ខ្ញុំក៏បានសុបិន្ដឃើញថា ព្រះយេស៊ូវចាប់បោះខ្ញុំទៅក្នុងផែនទីប្រទេសកូរ៉េខាងត្បូង ដល់ ព្រឹកឡើងខ្ញុំទៅរៀន លោកគ្រូក៏សួរនិស្សិតម្នាក់ៗ តើចង់ធ្វើបេសកជនទៅប្រទេសណា? ក្រោយមក ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ដោយ លោកគ្រូសួរខ្ញុំ ខ្ញុំក៏ប្រាប់តាមសុបិន្ដរបស់ខ្ញុំ យប់មិញ ដល់ ពួកគាត់ ទាំងអស់គ្នាក៏សើចខ្ញុំយ៉ាងខ្លាំង។ មិនបានប៉ុន្មានផង លោកគ្រូគង្វាលរបស់ខ្ញុំ ដែលជាជនជាតិកូរ៉េ បានណែនាំមនុស្សប្រុសឱ្យខ្ញុំរៀបការ ជាមួយ ពេលនោះខ្ញុំមិនទាន់យល់ព្រមទេ ខ្ញុំថាខ្ញុំអធិស្ឋានសិន ក្រោយមក ព្រះអង្គម្ចាស់ ទ្រង់បាន ឱ្យខ្ញុំយល់សុបិន្ដ ឃើញមានចំការផ្លែប៉ោម ហើយថា ចំការនោះជារបស់ខ្ញុំ ពេលនោះ ខ្ញុំក៏ភ្ញាក់ដឹងខ្លួន ហើយអធិស្ឋានទៅកាន់ព្រះទៀតថា ខ្ញុំអត់យល់ទេ ព្រះជាម្ចាស់ តើទ្រង់ចង់មានព្រះបន្ទូល អ្វីមកកាន់កូន? ៣ថ្ងៃក្រោយ លោកគ្រូគង្វាល ប្រាប់ថា មនុស្សប្រុសដែលគាត់ណែនាំឲ្យខ្ញុំនោះ គាត់និងឪពុករបស់គាត់ ធ្វើចំការផ្លែប៉ោម ពេលខ្ញុំលឺ សូរបែបនោះ ខ្ញុំក៏ចាប់ផ្ដើមដឹងថា ព្រះជាម្ចាស់ ចង់ឲ្យខ្ញុំរៀបការជាមួយបុរសជនជាតិកូរ៉េនោះ។ កាលពីមុន ខ្ញុំក៏បានអធិស្ឋានពីរឿង គូរ អនាគត់ដែរ ខ្ញុំមានអំណរណាស់ដែលព្រះអង្គ បាននឹកចាំ ពីសេចក្ដីអធិស្ឋានរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំកំពុងរស់នៅជាមួយប្ដីរបស់ខ្ញុំ ជាម្ចាស់ចម្ការប៉ោម នៅប្រទេសកូរ៉េ ដូចជា ព្រះជាម្ចាស់បានបង្ហាញសុបិន្ដដល់ខ្ញុំ ហើយទ្រង់ក៏កំពុងគង់នៅជាមួយខ្ញុំ និង គ្រួសាររបស់ខ្ញុំដែរ។ ព្រះទ្រង់មានសេចក្ដីស្រឡាញ់ សម្រាប់យើងគ្រប់គ្នា ហើយទ្រង់កំពុងរង់ចាំអ្នក សូមទទួល ព្រះយេស៊ូវដឹកនាំជីវិតរបស់អ្នក ដើម្បីឲ្យមានសេរីភាពដ៏ពិត គឺជាអំណរ ដែលអ្នកនឹកស្មានមិនដល់ ដូចជាជីវិតរបស់ខ្ញុំ។ សូមព្រះយេស៊ូវប្រទានពរដល់ លោកអ្នកបងប្អូនទាំងអស់គ្នា អាម៉ែន៕

 រីឯ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា  មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សំរាល​ចេញ​ពី​ផ្ទៃ​មក​នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍។ (ព្រះគម្ពីរ យេរេមា១៖៤-៥)

១៦ មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះវរបិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ ១៧ ខ្ញុំ​បង្គាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។ (ព្រះគម្ពីរ យ៉ូហាន១៥៖១៦)

សូមចុចអានអំពីសេចក្តីអធិស្ឋាន

LEAVE A REPLY

Please enter your comment!
Please enter your name here